Skip to content

ការ​ថមថយនៃការប្រើប្រាស់​ភាសាខ្មែរនាពេលបច្ចុប្បន្ន

ការ​សរសេរ​ជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលមនុស្សគ្រប់រូបមិនអាចរម្លងវាបាន ពីព្រោះវាជាឫសគុលចាក់យ៉ាងជ្រៅនៅក្នុងមូលដ្ឋានអ្នកសិក្សាតាំងពីកម្រិតមតេ្តយ្យសិក្សា រហូតដល់ឧត្តមសិក្សា ។ តួរយ៉ាង ការសរសេរអក្សររបស់ប្រជាជនកម្ពុជា ហាក់បីមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន មិនថាអ្នកនោះសិក្សាបានដល់កម្រិតណានេះទេ វានៅតែមានកំហុសទៅលើអក្ខរាវិរុទ្ធ និងល្បះមួយចំនួនថែមទៀត ។ តើកត្តាថមថយអក្សរសាស្រ្តខ្មែរបណ្តាលមកពីអ្វីខ្លះ? តាមទស្សនរបស់ខ្ញុំផ្ទាល់មានកត្តាបួនយ៉ាងដែលបណ្តាលឱ្យមានការថយចុះនៃអក្សរសាស្រ្តខ្មែរសព្វថ្ងៃនេះ ។ កត្តាទីមួយ ជាកត្តាសង្គមដែលបង្កព្យុះភ្លៀងយ៉ាងខ្លាំងដល់ភាសាខ្មែរ ដោយសារប្រទេសយើងបើកចំហជើងមេឃឱ្យអ្នកវិនិយោគបរទេសស្ទើរគ្រប់វិស័យ និងប្រើភាសាពួកគេផ្ទាល់ ដូចជា ភាសាអង់គ្លេស ចិន កូរ៉េ ថៃ ជាដើម ។ កត្តាទីពីរ ជាកត្តាទីផ្សារសេដ្ឋកិច្ចដែលជំរុញឱ្យអ្នកនៅក្នុងស្រុកខិតខំប្រឹងប្រែងសិក្សាភាសាបរទេសតម្រូវទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្ន ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចេះតែភាសាខ្មែរ ហើយមិនចេះភាសាបរទេស ពួកគាត់ពិបាកនឹងស្វែងរកការងារធ្វើ ហើយ បើពួកគាត់មានការងារធ្វើទទួលបានប្រាក់បៀវត្សទាបជាងអ្នកចេះភាសាបរទេស ។ នេះបង្ហាញឱ្យឃើញថាវាមិនមែនកើតឡើងតែក្នុងប្រទេសយើងមួយនោះទេ វាក៏កើតមានឡើងនៅក្នុងប្រទេសដទៃទៀតផងដែរ ។ កត្តាទីបី ជាកត្តាបុគ្គលខ្លួនឯងផ្ទាល់ដែលមិនសូវខ្វល់ខ្វាយជាមួយភាសាខ្លួន ដោយពួកគាត់គិតថាចេះភាសាខ្មែរក្នុងការនិយាយគឺគ្រប់គ្រាន់សម្រាប់ពួកគាត់បានទៅហើយ។ លើសពីនេះ ពួកគាត់មិនសូវឱ្យតម្លៃចំពោះភាសាខ្លួន ហើយនាំគ្នាសរសេរភាសានិយាយតាមតែអំពើចិត្តរបស់ពួកគាត់ដែលចង់សរសេរ និងមិនសូវយកចិត្តទុកដាក់ក្នុងការសរសេរទៀត ។ ឧទាហរណ៍ នៅក្នុងសង្គមហ្វេសប៊ុកបច្ចុប្បន្ន មានការសរសេរអក្សរខ្មែរលើផេកផ្ទាល់ខ្លួន ហើយបង្ហោះប្រាប់មិត្តភក្តិមានភាពខុសច្រើនគួរឱ្យកត់សម្គាល់មែនទែន រួមទាំងការផ្សព្វផ្សាយជាអក្សរខ្មែរតាមសាធារណៈ និងហាងលក់ដូរមួយចំនួនក៏មានការសរសេរអក្សរខ្មែរខុសដែរ ។ កត្តាចុងក្រោយ ជាកត្តាសៀវភៅសិក្សារបស់សិស្ស ដែលប្រទេសយើងពុំទាន់មានឯកសារ ឬសៀវភៅភាសាផ្ទាល់ខ្លួនច្រើនបែបដាក់ឱ្យសិស្សអាន និងធ្វើលំហាត់ទៅតាមចំណង់ចំណូរចិត្តរបស់សិស្សបាន ។ សរុបមក បញ្ហាដែលប្រឈមចំពោះការស្រុតចុះចំពោះអក្សរខ្មែរដែលបានរៀបរាប់ខាងលើជាចំណុចដែលយើងជាជនជាតិខ្មែរគួរណាស់ តែឆាប់ត្រឡប់មកផ្តោត និងផ្តល់តម្លៃចំពោះភាសាខ្លួនដែលមានទម្រង់ និងទ្រង់ទ្រាយច្បាស់លាស់ដ៏យូរឡុងមកហើយ។ “ប្រសិនបើយើងទាំងអស់គ្នាមិនយកចិត្តទុកដាក់ចំពោះភាសាជាតិផង តើឱ្យអ្នកណាយក់ចិត្តទុកដាក់
ទៅវិញ?” ។ខាងក្រោម​នេះ​ជា​រូប​ភាព និងសំណេរយក​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសបុក ដែល​មាន​ពាក្យ​មួយ​ចំនួន​សរសេរ​មិន​ត្រូវ​តាម​អក្ខរា​វិរុទ្ធ ។ ពេល​ខ្លះ​សំណេរដែល​សរសេរ​និយាយ​ពីអក្ខរាវិរុទ្ធក៏មាន​ខុសអក្ខរាវិរុទ្ធដែរ តែយើង​ត្រូវ​ព្យាយាមសរសេរ​ឱ្យ​បាន​ត្រឹមត្រូវ​ដោយ​យក​ចិត្ត​ទុកដាក់។

Leave a Reply

Your email address will not be published. Required fields are marked *