Skip to content

ស្ថិតិ​នៃ​ការ​ប្រើប្រាស់​ហ្វេស​បុក​នៅ​កម្ពុជា

ហ្វេសប៊ុក​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដ៏​មាន​ប្រជា​ប្រិយភាព​និង ទូលំ​ទូលាយ​មួយ។​ សរុប​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​នៅ​លើ​ពិភពលោក​មាន​ប្រហែល 500​លាន​ ។ នៅ​កម្ពុជា​ហ្វេសប៊ុក​បាន​ធ្វើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​មាន​ភាព​ទូលំ​ទូលាយ​សឹង​គ្មាន​ដែន​កំណត់។ សេរីភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​មិន​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ឡើយ​ព្រោះ​ខ្លាច​បែក​ធ្លាយ​ចូល​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​ និង​ខូច​កេរ្តិ៍​ឈ្មោះ។ សម្រាប់​ការសិក្សា​រៀន​សូត្រ ការ​ផ្សាយ​ពាណិជ្ជកម្ម​ អាជីវកម្ម​ខ្នាត​តូច​ធំ​ក៏​បាន​ទាញ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ហ្វេសប៊ុក​ផង​ដែរ។

ទន្ទឹម​នឹង​ផល​ប្រយោជន៍​ដ៏​សន្ធឹក​សន្ធាប់​នេះ​ ផល​អវិជ្ជមាន​ជា​ច្រើន​មាន​បង្កប់​នៅ​ក្នុង​នោះ​ផង​ដែរ។​ សេរី​ភាព​តាម​បណ្ដាញ​ហ្វេស​ប៊ុក​បាន​រីក​ធំ​រហូត​គ្រប់​គ្រង​លែង​បាន ដោយ​សារ​គណនី​ប្រើ​ប្រាស់​​ត្រូវ​បាន​បង្កើត​ឡើង​ជា​ច្រើន​ហូរ​ហែ​ដែល​មិន​មាន​ស្គាល់​អត្ត​សញ្ញាណ​ច្បាស់​លាស់​។ យុវជន​ម្នាក់​អាច​មាន​គណនី​ហ្វេស​ប៊ុក​​ពីរ​​ទៅ​បី​គណនី​ ។ ​អ្នក​ខ្លះ​អាច​មាន​រហូត​ដល់​ប្រាំ​គណនី​ក៏​មាន ហើយ​គណនី​ទាំងនោះ​ពុំ​មាន​អត្តសញ្ញាណ​ច្បាស់លាស់​នោះ​ទេ។ គេ​បង្កើត​វា​ដើម្បី​​រិះ​គន់​ ជេរ​គ្នា ឬ បង្ហោះ​រូប​ភាព​ វីដេអូ​ បរិហារ​កេរ្តិ៍​គ្នា​ទៅ​វិញ​ទៅមក និង ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់​​ខ្លួន​។

សកម្មភាព​ដែល​ចែក​ចាយ​នៅ​តាម​ហ្វេសប៊ុក​ខ្លះ​បាន​បង្ក​ភាព​ភ័យ​ខ្លាច និង គំរាមកំហែង​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​ ឬ ជន​បរទេស​ជាដើម។ សកម្មភាព​មួយ​ចំនួន​ទៀត​គឺ​វប្បធម៌​ពាលា​អាវាសែ បាន​ធ្លាក់​ទៅ​ដល់​ភ្នែក​យុវជន យុវតី និង​ជា​ពិសេស​គឺ​ក្មេង​មិន​ទាន់​គ្រប់​អាយុ។ នេះ​ដោយសារ​ការ​មិន​យល់​ពី​លក្ខខណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់ និង ការ​បង្កើត​គណនី​មាន​ភាព​ទូលាយ​ខ្លាំង​ពេក​។ សូម្បី​ស៊ីម​​ទូរស័ព្ទ​នៅ​មិន​​ទាន់​មាន​អត្តសញ្ញាណ​អ្នក​ប្រើ​ប្រាស់​ច្បាស់​ពិត​ប្រាកដ​ផង កុំ​ថា​ឡើយ​ហ្វេស​​ប៊ុក។ គេ​អាច​ទិញ​​​ស៊ីម​ទូរស័ព្ទ​ដោយ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ រួច​បង្កើត​គណនី​ហ្វេស​ប៊ុក​បាន​ដោយ​សេរី បន្ទាប់​មក​គឺ​ចែក​ចាយ​ព័ត៌មាន​ មិន​ពិត ​កុហកភូត​ភរ បំប៉ោង​ព័ត៌មាន​ដើម្បី​ទទួល​បាន​ប្រជា​ប្រិយភាព និង ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​បង្ក​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សង្គម។

ជា​ការ​ពិត​​​​​​គណនី​ហ្វេស​ប៊ុក​មាន​ការ​កំណត់​របៀប​ប្រើប្រាស់​តាម​អាយុ ដែល​អាច​បញ្ចៀស​នូវ​រាល់​សកម្ម​ភាព​ដែល​អាច​ប៉ះ​ពាល់​ដល់​ក្មេង​មិន​ទាន់​គ្រប់​អាយុ ប៉ុន្តែ​ដោយ​អ្នក​បង្កើត​គណនី និង អ្នក​​ប្រើប្រាស់​មួយ​ចំនួន​​មិន​សូវ​បាន​ ដឹង​ច្បាស់​អំពី​ច្បាប់ និង​លក្ខខណ្ឌ​ក្នុង​ការ​បង្កើត​  ហើយ​វា​​​ធ្វើ​ឱ្យ​កម្រិត​សុវត្ថិភាព​របស់​អ្នក​លេង​គ្មាន​ការ​គ្រប់​គ្រង​និង​សុវត្ថិភាព​សម្រាប់​ក្មេង​មិន​ទាន់​គ្រប់​អាយុ។

នៅ​កម្ពុជា​ថ្វី​ត្បិត​មាន​អ្នក​លេង​ហ្វេស​ប៊ុក​ច្រើន តែ​អ្នក​លេង​ហ្វេស​​ប៊ុក​ភាគ​ច្រើន​មិន​ចេះ បង្កើត​គណនី​ខ្លួន​ឯង​នោះ​ទេ ពួកគេ​សឹង​មិន​ដឹង​ពី​លក្ខខណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់​ផង គឺ​ចេះ​តែ​ផុស​រូប(post) ចុច​ឡៃក៍(like) និង ស៊ែ(share)ប៉ុណ្ណោះ។ ពេល​ដែល​មាន​បញ្ហា​លួច​គណនី​ហ្វេសប៊ុក​(hack account)ភាគ​ច្រើន​មក​ពី​អ្នក​ប្រើ​ប្រាស់​គ្មាន​សមត្ថភាព​គ្រប់គ្រង​គណនី​របស់​ខ្លួន។ ការ​​ឱ្យ​អ្នក​ដទៃ​បង្កើត​គណនី​ឱ្យ ការ​ប្រើប្រាស់​គណនី​មួយ​ពីរ​នាក់​ ការ​មិន​សំអាត​គណនី​មុន​នឹង​លក់​ទូរស័ព្ទ និង​ការ​ដាក់​លេខ​កូដ​សម្ងាត់​ងាយ​ៗ ស្រួល​ស្មាន​ដូចជា​ដាក់​ដូច​លេខ​ទូរស័ព្ទ ឬ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ជា​ដើម វា​ជា​ប្រភាព​ដែល​ធ្វើ​ឱ្យ​មាន​ការ​លួច​គណនី​។

ប្រហែលជា​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​មាន​កំណើន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​យ៉ាង​គំហុក​គួរ​ឱ្យ​កត់​សម្គាល់។ យ៉ាងណាមិញ​ មាន​ប្រភព​ព័ត៌មាន​ Geeks in Cambodia ​ដែល​តាម​ដាន​សកម្មភាព​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​ក្នុង​ប្រទេសកម្ពុជា​​បាន​បង្ហាញ​ទិន្នន័យ​នៅ​ថ្ងៃទី ​៩កុម្ភៈ ឆ្នាំ ២០១៧នេះ​ថា ​ ប្រទេស​កម្ពុជា​មាន​ប្រជាជន​ប្រហែល​ ១៥. ៩​លាន​នាក់ ហើយ​ក្នុង​នោះ​ដែរ​ មាន​អ្នក​ចូល​រួម​លេង​ហ្វេសប៊ុក​ប្រហែល​ជា ៣០% ស្មើនឹង ៤. ៨លាន​នាក់នៃប្រជាជនទូទាំងប្រទេស។

ស្របគ្នានេះដែរ ក៏មានអ្នកលេង​ហ្វេសប៊ុក​ប្រចាំថ្ងៃប្រមាណ​ជា ​២.៩លាន​នាក់ ហើយក្នុងនោះមាន​ស្ត្រី​​ចំនួន​៤០% ស្មើនឹង ១.២លាន​នាក់ និង​បុរស​៦០% ស្មើនឹង ១.៧លាននាក់។ ពួកគាត់​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន​រហូត​ដល់​៤.៥លានគ្រឿងរួមមាន Android ៥៧% ស្មើនឹង ២.៦លានគ្រឿង iOS ១.៨លានគ្រឿង និង​ស៊េរី​ផ្សេងៗទៀត ចំនួន ៣% ស្មើនឹង ០.១លានគ្រឿង។​ អ្នក​ដែល​លេង​ហ្វេសប៊ុក ​មាន​អាយុ​ចាប់​ពី ១៣ឆ្នាំឡើង ហើយ​ពួក​គាត់​ចូល​ចិត្ត​បង្ហោះ​រូបថត​ប្រហែលជា​១.២​លាន​នាក់​ក្នុង​មួយ​ថ្ងៃ។​ ក្រៅពីនេះទៀត គេកត់សម្គាល់ឃើញថា​ អ្នក​លេង​ហ្វេស​ប៊ុកមាន​អាយុ​ចាប់ពី ១៣ឆ្នាំ រហូតដល់លើសពី ៥៥ឆ្នាំ និងត្រូវបានគេ​បែង​ចែកជា​ប្រាំកម្រិត។ កម្រិត​ដែល​មាន​អ្នក​លេង​ច្រើន​ជាងគេ​គឺ​ចន្លោះ​ពី ១៨ ដល់ ២៤ឆ្នាំ ប្រហែលជា ៤៤% ស្មើនឹង ២.១ លាន​នាក់។ រីឯ​អ្នក​ចូល​រួម​លេង​ហ្វេសប៊ុក​តិច​ជាង​គេ​គឺ​ស្ថិត​នៅ​អាយុ​ចាប់​ពី ៥៥ឆ្នាំឡើង មាន​ប្រហែល​ជា​៤% ស្មើនឹង ០.២១​លាន់​នាក់​។ ជា​បន្ត​បន្ទាប់​មក​ទៀត​អ្នក​លេង​ហ្វេសប៊ុក​គឺ​ស្ថិត​នៅ​អាយុ​ចន្លោះ​ពី ២៥ឆ្នាំដល់ ៣៤ឆ្នាំមានប្រហែល ៣២%​ស្មើនឹង ១.៥លាន​នាក់ និង​អាយ​ចន្លោះ​ពី១៣ ដល់១៧ឆ្នាំ មាន​ប្រមាណ​ជា១១% ស្មើនឹង ០.៥២លាន​នាក់​ និង​អាយុ​ចន្លោះ​ពី​៣៥​ ដល់ ៥៤ឆ្នាំ មាន​ប្រមាណ​ជា១០% ស្មើនឹង ០.៤៧​ លាន​នាក់​។ ម្យ៉ាងវិញទៀត កម្រិត​ចំណេះ​ដឹង​របស់​អ្នក​លេង​ហ្វេសប៊ុក​សព្វថ្ងៃ​ត្រូវ​គេ​បែង​ចែក​ជា​បី​កម្រិត គឺកម្រិត​វិទ្យាល័យ​ កម្រិត​ឧត្តម​សិក្សា និង​កម្រិត​ផ្សេងៗ។​​ កម្រិត​ដែល​អ្នក​លេង​ហ្វេសប៊ុក​ខ្ពស់​ជាង​គេ​បំផុត​គឺ កម្រិត​ផ្សេងៗ​មាន​ប្រហែល​ជា​៧១. ៦៧% ​ស្មើនឹង​ ៣.៤៤ លាន​នាក់ ហើយ​កម្រិត​វិទ្យាល័យ​មាន​ប្រហែល​ជា​១៣.៩៥% ​ស្មើនឹង​ ០.៦៧​លាន​នាក់​​ និង​កម្រិត​ឧត្តម​សិក្សា​មាន​ប្រមាណ​ជា​១៤.៣៨% ​ស្មើនឹង​ ០.៦៩​លាន​នាក់។ សរុបមក វាបានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាសម្បូរទៅដោយកម្លាំងយុវជន និងជានិស្សិតដែលពួកគាត់មានពេលវេលាច្រើនក្នុងការប្រើប្រាស់ហ្វេសប៊ុក ហើយសមស្របទៅនឹងប្រទេសកម្ពុជាកំពង់មានកំណើនសេដ្ឋកិច្ច។

ប្រភពទិន្នន័យ

 

Leave a Reply

Your email address will not be published. Required fields are marked *