ហេតុអ្វីត្រូវពន្យល់ប្រៀបធៀបពាក្យទាំងពីរនេះ បើវាខុសគ្នាស្រលះបែបនេះ? បានជាពាក្យនេះធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ព្រោះតែ សកម្មភាពដែលបង្កើតជាពាក្យទាំងពីរនេះអាចប្រែប្រួលទៅវិញទៅមកបើសិនសកម្មភាពនោះធ្វើឡើងក្នុងចេតនាផ្សេងគ្នា។ សកម្មភាពក្នុងចេតនាផ្សេងគ្នា បានន័យយ៉ាងដូចម្ដេច?
នៅពេលអ្នកពន្យល់នរណាម្នាក់ឱ្យយល់ពីហេតុដើម្បីទៅដល់គោលដៅមួយដែលអ្នកចង់ឱ្យគេទៅដល់ យល់ ឬក៏ជឿ អ្នកបានប្រើប្រាស់គ្រប់មធ្យោបាយ យុទ្ធសាស្ត្រ ភាពឆ្លាតវៃ ភាពបត់បែន បទពិសោធន៍ ភស្តុតាងនិង ពេលខ្លះអ្នកនិយាយបង្វែរដាន កុហក បញ្ចុះបញ្ចូល ឬរហូតដល់ថ្នាក់កំផិតបំភ័យក៏មាន។ តើវាជាការបោកប្រាស់គេឬទេ? វាជាការបោកប្រាស់សុទ្ធសាធ បើសិនគោលដៅដែលចង់បាននោះផ្ដល់ផលប្រយោជន៍សម្រាប់តែខ្លួនឯង ហើយបំផ្លិចបំផ្លាញដល់ផលប្រយោជន៍រួម ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍នរណាម្នាក់ ឬ ផលប្រយោជន៍មនុស្សដែលអ្នកនិយាយទៅកាន់នោះតែម្ដង។ ផ្ទុយទៅបើការធ្វើបែបនេះ អាចផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់ ឬផលប្រយោជន៍រួមដល់ជាតិមាតុភូមិ នោះវាលែងជាការបោកប្រាស់ទៀតហើយ វាជាការជួយទៅវិញ។ នេះហើយជាចេតនា។
នៅក្នុងឆាកនយោបាយដូចគ្នា អ្នកប្រហែលធ្លាប់លឺគេនិយាយថា “នយោបាយជាសិល្បៈធ្វើឱ្យបានជោគជ័យ ឬធ្វើឱ្យដល់គោលដៅ” ។ អ្នកណាក៏អាចនិយាយ និងធ្វើបានដែរ តែត្រូវមើលលើចេតនារបស់អ្នកធ្វើនោះ។ តើគេធ្វើដើម្បីអ្វី និងដើម្បីអ្នកណា? មនុស្សមួយចំនួនយកលេសបិទបាំងភាពធ្វេសប្រហែស និងកំហុសរបស់ខ្លួនពីអ្នកនៅជុំវិញខ្លួនដោយបង្វែរដាន និងកុហក ដើម្បីទប់កុំឱ្យស្ថានការណ៍មានភាពវឹកវរ ឬ ជ្រួលច្របល់។ ការបង្វែរដាន និងកុហកនេះមិនមែនជាការបោកប្រាស់ទេ បើសិនជាគេធ្វើដើម្បីប្រយោជន៍អ្នកដទៃ ឬប្រយោជន៍របស់សង្គមជាតិ។ តែជារឿងថោកទាបបំផុត បើសិនជាគេធ្វើដើម្បីប្រយោជន៍សម្រាប់ខ្លួនឯងឬសម្រាប់ក្រុមរបស់គេ។
កុហកដើម្បីគ្រប់គ្រងស្ថានការណ៍ ដើម្បីជាប្រយោជន៍ទាំងអស់គ្នា គឺជារឿងល្អ។ ដូចពាក្យចាស់ពោលថា “ផ្លូវវៀចកុំបង់ ផ្លូវត្រង់កុំចោល” ។ តាមគំនិតខ្ញុំ ផ្លូវវៀចដែលគាត់ចង់មានន័យ មិនសំដៅដល់ការ កុហកបោកប្រាស់នោះទេ តែពេលខ្លះការពិតមិនអាចលាតត្រដាងទាន់ហន់ពេកនោះទេក្នុងកាលៈទេសៈខ្លះ វាអាចធ្វើឱ្យស្ថានការណ៍កាន់តែដុនដាប។ ហេតុនេះគេត្រូវប្រើការកុហកខ្លះ តែក្នុងចេតនាល្អដើម្បីជួយអ្នកដទៃ មិនមែនដើម្បីទាញផលប្រយោជន៍សម្រាប់ខ្លួនឯងនោះទេ។
Featured Image Designed by Dooder / Freepik