គោមូត្រ (៚) ត្រូវបានឃើញមានប្រើញឹកញាប់នៅលើបណ្ដាញសង្គម Facebook គួរឱ្យកត់សម្គាល់ក្នុងពេលថ្មីៗនេះ។ តែអ្វីដែលជាបញ្ហាគឺការប្រើប្រាស់ហាក់ដូចជាមិនត្រឹមត្រូវទេ។ តើអ្នកដឹងរបៀបប្រើប្រាស់ឬ ទេ? បើតាមវចនានុក្រមសម្ដេចសង្ឃ ជួនណាត សញ្ញាគោមូត្រ គេប្រើសម្រាប់បញ្ចប់សេចក្ដី ជាពិសេសក្នុងការងារ ឬក្រដាសកិច្ចការផ្នែករដ្ឋបាលផ្លូវការ គេច្រើនឃើញមានសរសេរនៅចុងទំព័រ ឬចុងបញ្ចប់នៃអត្ថបទ ដែលបង្ហាញពីការត្រួតពិនិត្យបានត្រឹមត្រូវជាចុងក្រោមបង្អស់ ដើម្បីចែកចាយ បោះពុម្ពផ្សាយ និងអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ខ្លះក៏មិនច្បាស់ពីសញ្ញាគោមូត្រ ពេលប្រើចេេះតែប្រើតាមគ្នា គូសវាសៗ ឱ្យស្រដៀងៗគ្នាទៅ។ អ្នកប្រើប្រាស់ខ្លះគូសសរសេរបន្ថែមឈ្មោះ ដែលមានលក្ខណ ៈប្រើជាគោមូត្រ តែមិនមែនសញ្ញាគោមូត្រ។ ឯកសារខ្លះមានការត្រួតពិនិត្យច្រើនដំណាក់កាល ដូច្នេះយើងឃើញមាន សញ្ញាគូសច្រើនដល់ទៅពីរ ឬ បី តែខ្ញុំមិនអាចសន្និដ្ឋានថាអ្នកសរសេរប្រើជាសញ្ញាគោមូត្រ ឬ មិនមែន ពីព្រោះវាហាក់ដូចជាមិនមែនជាសញ្ញាគោមូត្រ។ សរុបមក ការលើកឡើងរបស់យើង នៅពេលនេះគ្រាន់តែជាការបំផុសការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ និង សញ្ញាវណ្ណយុត្តិក្នុងភាសាខ្មែរប៉ុណ្ណោះ។
អត្ថន័យពីវចនានុក្រមសម្ដេចសង្ឃជួនណាត៖
គោមូត្រ = (សំ.),(បា.)(គោមុត្ត “ទឹកនោមគោ”) ឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរ ដាក់ត្រង់កន្លែងបញ្ចប់សេចក្ដី ដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ ។ គ្រឿងវណ្ណយុត្តិនេះ អ្នកលង្កាទ្វីប ប្រើដាក់ត្រង់ទីចប់នៃគាថាបាលីមួយៗ សម្គាល់ជាខ្យល់សំឡេងរនរន្ថាន់ដូចកង្កាញ់រលក តាមទំនងបទ សរភញ្ញ ម្យ៉ាងដែលហៅថា តរង្គៈ ; ប្រហែលជាពួកបុព្វបុរសរបស់យើងពីដើមប្រើបែបនេះតាមលង្កាទ្វីប សម្រាប់ដាក់ចំពោះតែត្រង់កន្លែងបញ្ចប់ពាក្យកាព្យឃ្លោង ជាគ្រឿងសម្គាល់សំឡេងរនទេដឹង ? លុះយូរៗតមក ទោះបីពាក្យរាយ ក៏ប្រើវណ្ណយុត្តិនេះដែរ ។