ដើម្បីទទួលបានការសិក្សាបណ្តុះបណ្តាលនៅថ្នាក់ឧត្តមសិក្សា ដោយយោងតាមច្បាប់អប់រំនៃប្រទេសកម្ពុជាគឺតម្រូវឱ្យសិស្សបានសិក្សាចប់សព្វគ្រប់នៅថ្នាក់វិទ្យាល័យឬមធ្យមសិក្សាទុតិយភូមិ(ចប់ថ្នាក់ទី១២ឬវិញ្ញាបនបត្រវិជ្ជាជីវៈកម្រិត៣)។ សិស្សនិស្សិតដែលមិនបានជាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនមានសិទ្ធិចូលរៀនថ្នាក់បរិញ្ញាបត្រទេ តែអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងជាមុនសិន ទើបអាចបន្តទៅបរិញ្ញបត្របាន។ ប្រភេទនៃការអប់រំជាន់ខ្ពស់ ឬឧត្តមសិក្សា គឺត្រូវបានចែកចេញជាពីរផ្នែកធំៗ គឺ ផ្នែកសិក្សាទូទៅ និង ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយមានបួនថ្នាក់(ឬកម្រិត)ដែលត្រូវសិក្សា។ ចាប់ពីថ្នាក់ បរិញ្ញាបត្ររង និង ឆ្នាំសិក្សាមូលដ្ឋាន(បរិញ្ញាបត្រឆ្នាំទី១) រហូតដល់ចប់បរិញ្ញាបត្រ គេឱ្យឈ្មោះថា ថ្នាក់ឧត្តមសិក្សា ហើយចំពោះថ្នាក់អនុបណ្ឌិត និង បណ្ឌិត ត្រូវបានគេហៅថាជាថ្នាក់ក្រោយឧត្តមសិក្សា។
ផ្នែកសិក្សាទូទៅ រួមមានកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញបត្រជាន់ខ្ពស់(អនុបណ្ឌិត) និង បណ្ឌិត ដែលត្រូវសិក្សានៅតាម វិទ្យាស្ថាន មហាវិទ្យាល័យ និង សាកលវិទ្យាល័យ ហើយគ្រឹះស្ថានដែលបណ្តុះបណ្តាលកម្រិតនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និង កីឡា។ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ រួមមានកម្រិត សញ្ញាបត្រជាន់ខ្ពស់(បរិញ្ញាបត្ររង បច្ចេកវិទ្យា/ឯកទេស) សញ្ញាបត្រវិស្វករ(បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស) បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា/ឯកទេស និង បណ្ឌិតបច្ចេកវិទ្យា/ឯកទេស ដែលមានបណ្តុះបណ្តាលនៅតាម វិទ្យាស្ថាន សាលា/មជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ហើយស្ថាប័នទាំងនេះ មួយចំនួនធំស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
រាល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ មានការគ្រប់គ្រងជាលក្ខណៈស្វយ័ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និង ភ្នាក់ងារ ផ្សេងៗគ្នា។ មិនមានស្ថាប័នណាមួយនៃរដ្ឋាភិបាលដែលមានទំនួលខុសត្រូវលើការរៀបចំមុខវិជ្ជាសិក្សា សម្រាប់ផ្តល់ដល់ ក្រសួង ឬ គ្រឹះស្ថានឧត្តមសិក្សាឡើយ។ ក្រសួង ជាអ្នកផ្តល់អាជ្ញាប័ណ្ណ និង ត្រួតពិនិត្យដំណើរការការងារផ្សេងៗរបស់គ្រឹះស្ថាន រីឯការរៀបចំ មុខវិជ្ជា និងរចនាសម្ព័ន្ធ ត្រូវធ្វើឡើងដោយស្វយតតាមគ្រឹះស្ថានរៀងៗខ្លួន តែត្រូវស្ថិតក្រោមស្តង់ដារគុណភាពជាក់លាក់មួយដែលក្រសួងបានកំណត់។
គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនធំគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពីរដោយឡែកពីគ្នាគឺ ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងក្រសួងអប់រំមាន នាយកដ្ឋានឧត្តមសិក្សាមួយ ដែលទទួលបន្ទុកត្រួតពិនិត្យ លើគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនធំនៃគ្រឹះស្ថានទាំងអស់នៅក្នុងប្រទេស តែមិនមានសិទ្ធិលើគ្រឹះស្ថានមួយចំនួនផ្សេងទៀតដែលស្ថិតក្រោមក្រសួងផ្សេងទេ ជាពិសេសគឺ មជ្ឈមណ្ឌលអប់រំ និង បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ ដែលស្ថិតក្រោមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ (លើកលែង សាលាភូមិន្ទរដ្ឋបាល និង រាជបណ្ឌិតសភា) គឺត្រូវបានត្រួតពិនិត្យគុណភាពសិក្សាដោយ គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ដែលស្ថិតក្រោមចំណុះរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។